កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅរសៀលថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន។ ក្រោយមកដល់កម្ពុជាភ្លាម លោក ហ៊ុន ម៉ាណែត បានអះអាងប្រាប់ក្រុមអ្នកកាសែតថា ជប៉ុនសន្យាបន្តជួយអភិវឌ្ឍន៍ដល់កម្ពុជា ព្រមទាំងជួយជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ទាក់ទងនឹងការបោះឆ្នោតវិញ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈការគាំទ្រដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅជប៉ុននេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការបរទេសជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធានាពីភាពសេរី និងយុត្តិធម៌នៃការបោះឆ្នោតនាពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះទៀតសោត ក៏ធ្វើឡើងបន្ទាប់ពីកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងលោក សម រង្ស៊ី បានទៅរកជប៉ុនឲ្យជួយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងធានាដល់ការបោះឆ្នោតនៅកម្ពុជា។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ លោកនាយកមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវយោបល់មួយចំនួន ដើម្បីឲ្យកម្ពុជាយកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាចុងខែកក្កដា ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋខ្មែរ។ តែយ៉ាងណាក៏ដោយ លោក ស៊ីនហ្សូ អាបេ បានគូសបញ្ជាក់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា។ នេះបើតាមអះអាងរបស់លោក ហ៊ុន ម៉ាណែត៕
No comments:
Post a Comment