
មេដឹកនាំសហជីព និងគ្រូបង្រៀនឯករាជ្យថា អាជ្ញាធររបបក្រុងភ្នំពេញ បានបិទសិទ្ធិសេរីភាពបញ្ចេញមតិពួកគេមិនឱ្យប្រារព្ធទិវាពលកម្មកុមារអន្តជាតិ ១ឧសភា ខួបលើកទី១៣២ ដោយសេរី។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាល និងរដ្ឋសភាដោះស្រាយវិបត្តិនយោបាយ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន បានឱ្យអាស៊ីសេរីដឹង កាលពីថ្ងៃទី២៧ មេសាថា អាជ្ញាធរទីក្រុងភ្នំពេញ មិនអនុញ្ញាតឱ្យក្រុមសហជីពហែក្បួនអបអរសាទរទិវាពលកម្មអន្តជាតិ ១ឧសភានោះទេ ពោលតម្រូវឱ្យពួកគេធ្វើនៅមួយកន្លែង។ សាលាក្រុងភ្នំពេញបានអនុញ្ញាតឱ្យប្រារព្ធទិវាពលកម្មអន្តជាតិ ១ឧសភានេះ នៅមុខសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា CDC (ស៊ីឌីស៊ី) នៅថ្ងៃអង្គារ ទី១ ខែឧសភាខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់៖ «គេលើកឡើងបីចំណុចសំខាន់។ ទីមួយ ពាក់ព័ន្ធទៅនឹងសណ្តាប់ធ្នាប់សាធារណៈ ចរាចរនឹងខាងរដ្ឋសភាបានដាក់ទៅសាលាក្រុង មិនឱ្យរៀបចំពិធីអ៊ីដែលពាក់ព័ន្ធនឹងការជួបជុំគ្នានៅជិតសភា។ ចឹងយោងលើអានឹងគេអត់អនុញ្ញាតិឱ្យតែម្តង។ល។»។
លោកបន្តថា ខាងសាលាក្រុងឱ្យជម្រើសពីរ ដើម្បីប្រគល់ញត្តិជូនរដ្ឋសភា ជម្រើសទី១ គឺនាំគ្នាជិះឡានយកញតិ្តទៅដាក់ជូនរដ្ឋសភា និងជម្រើសទី២ ស្នើសុំអញ្ចើញខាងតំណាងរដ្ឋសភា ដើម្បីចូលរួមដោយផ្ទាល់។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ថា ការដាក់កំហិតរបស់សាលាក្រុងនេះ ជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ៖ «ទិវាពលកម្មអន្តជាតិមិនមែនប្រារព្ធនៅកម្ពុជាយើងទេ គឺទូទាំងពិភពលោក ហើយអាជ្ញាធរត្រូវតែផ្តល់សិទ្ធិសេរីភាពឱ្យក្រុមសហជីពបានហែពី CDC (ស៊ីឌីស៊ី) មកកាន់រដ្ឋសភា ដើម្បីឱ្យពួកគាត់ប្រគល់ញត្តិជូនក្រុមតំណាងរាស្ត្រ»។
ទោះបីជាយ៉ាងណាក៏ដោយ សហជីព និងគ្រូបង្រៀនឯករាជ្យ គ្រោងនឹងដឹកនាំមនុស្សប្រមាណជាងពីរពាន់នាក់ មកពីខាងសហជីពការងារកម្ពុជា និងតំណាងរបស់ខ្លួនចំនួនប្រាំបីវិស័យ រួមមាន វិស័យកាត់ដេរ វិស័យសំណង់ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យមួយចំនួនទៀត។ គោលបំណងនៃការប្រារព្ធទិវាពលកម្មអន្តជាតិ ១ឧសភាឆ្នាំនេះ ដើម្បីឱ្យរដ្ឋាភិបាលរបបលោក ហ៊ុន សែន ដោះស្រាយបញ្ហាប្រឈមរបស់កម្មករ និងគ្រូបង្រៀន ដោយតម្លើងប្រាក់ខែ ឬប្រាក់ឈ្នួលអប្បរមាឱ្យបានគ្រប់វិស័យសមរម្យនឹងតម្លៃទីផ្សារ។ បន្ថែមពីនេះទៀត ក៏ស្នើសុំឱ្យមានការទម្លាក់ចោទបទចោទប្រកាន់នានា មកលើមេដឹកនាំសហជីព ហើយឱ្យរដ្ឋសភាពិនិត្យឡើងវិញជុំវិញច្បាប់ស្តីពីសហជីព និងស្នើសុំរដ្ឋសភាដោះស្រាយវិបត្តិនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមេសា បានចេញសារាចរណែនាំ ស្តីពីការចាត់តាំងខួបអនុស្សាវរីយ៍លើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សន្តិភាព ស្ថេរភាព ដើម្បីការងារ និងមុខរបរ“។
លោក រ៉ុង ឈុន បានបន្តឱ្យដឹងថា ចំពោះប្រធានបទរបស់លោក ហ៊ុន សែន ដាក់ចេញឆ្នាំនេះ នឹងគ្មានប្រសិទ្ធភាពនោះទេ ប្រសិនបើវិបត្តិនយោបាយមិនត្រូវបានដោះស្រាយ ហើយបក្សប្រឆាំងមិនអាចចូលរួមការបោះឆ្នោតបាន៕
No comments:
Post a Comment